iPhone តម្លៃ​រាប់​រយ ត្រូវ​គេ​គិត​ថា​គឺ​សម្រាប់​ទីផ្សារ​អ្នក​មានៗ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ ដែល​មាន​លទ្ធភាព​ចំណាយ​ទ្រព្យធន​ទិញ​វត្ថុ​ដ៏​មាន​តម្លៃ​នេះ​បាន។ ប៉ុន្តែ មិន​អីចឹង​ទាំង​អស់​ឯ​ណា អ្នក​ខ្លះ​មិន​សូវ​សំបូរ​លុយ​កាក់ ក៏​ចាប់​អារម្មណ៍​និង​ខិតខំ​រក​លុយ​គ្រប់​មធ្យោបាយ​ ធ្វើ​ឲ្យ​យ៉ាង​ណា​អាច​ក្លាយ​ជា​កម្មសិទ្ធិ​ទូរសព្ទ​ដ៏​ទំនើប​នេះ បើ​ទោះ​បី​ត្រូវ​ចំណាយ​អស់​ប៉ុណ្ណា​ក៏​គ្មាន​សោកស្តាយ​នោះ​ទេ។

ទូរសព្ទ ស៊េរី ថ្មី iPhone 5S

ដូច​និស្សិត​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា​នៅ​សាកលវិទ្យាល័យ​បៀលប្រាយ រស្មី ប្រាប់​ថា មិន​ប្រាកដ​ថា​អ្នក​មាន​នោះ​ទេ ដែល​ជា​អ្នក​ចូល​ចិត្ត​ប្រើ iPhone ប៉ុន្តែ​អ្នក​ក្រ​មួយ​ចំនួន​ក៏​មាន​ភាព​ស៊ីវិល័យ​លើ​ការ​ទិញ​ទូរសព្ទ​ទំនើប​ៗ​ប្រើ​នោះ​ដែរ។

“ខ្ញុំ​សង្កេត​ឃើញ​អ្នក​ខ្លះ​គ្មាន​លុយ​ទេ ប៉ុន្តែ​ដោយសារ​តែ​ចង់​បង្អួត​គេ​ឯង និង​ឲ្យ​គេ​មើល​ខ្លួន​ថា​ឡូយ​សង្ហារ ក៏​ខំ​រក​​លុយ​ទិញ​ទូរសព្ទ​ដ៏​ទំនើប​ iPhone ប្រើ​ដូច​គេ​អ្នក​មាន”។

និយាយ​ពី​គុណ​វិបត្តិវិញ យុវជន​រូប​នេះ​បញ្ជាក់​ថា មិន​ជា​បញ្ហា​ធំ​ដុំ​អី​នោះ​ទេ ប៉ុន្តែ​ប្រហែល​ជា​ត្រូវ​បង់​លុយ​ខាត​អស់​ច្រើន នៅ​ពេល​ចង់​លក់​ចេញ​ទៅ​វិញ។

ចំណែក រតនា ដែល​ជា​ពលរដ្ឋ​រស់នៅ​ម្តុំ​ជ្រោយចង្វា​ប្រាប់​ថា ដោយសារ​តែ​ភាព​ទំនើប​និង​ការ​និយម​តៗ​គ្នា​ទើប​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន ទោរទន់​រក​គ្នា​ទិញ​ប្រើ​ iPhone បើ​ទោះ​បី​ដឹង​ថា​តម្លៃ​ថ្លៃ​យ៉ាង​ណា​ក៏​ដោយ។

យុវជន​រូប​នេះ​បន្ត​ថា អ្នក​ដែល​កាន់​ប្រើ iPhone ហាក់​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង ហើយ​គិត​ថា​ខ្លួន​ឯង​ពិសេស​ជាង​គេ​ដទៃ ទើប​ធ្វើ​ឲ្យ​ពួកគេ​មួយ​ចំនួន​សម្រេច​ចិត្ត​ដោយ​គ្មាន​ការ​ស្តាយ​ស្រណោះ​នោះ​ទេ។

ថ្មីៗ​នេះ Apple ទើប​តែ​បញ្ចេញ​លក់ iPhone ជំនាន់​ថ្មី​គឺ iPhone 5S និង 5C និង​ត្រូវ​គេ​នាំ​ចូល​មក​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា។ ត្រឹម​តែ​រយៈ​ពេល ៣ ថ្ងៃ​ក្នុង​ការ​ចេញ​លក់​ដំបូង iPhone ជំនាន់​ថ្មី​ទាំង​ពីរ​ស៊េរី​នេះ លក់​ដាច់​ជាង ៩ លាន​គ្រឿង ខណៈ​ដែល​នៅ​កម្ពុជា​ក៏​ឃើញ​មាន​ការ​ទិញ​ប្រើ​ជា​ហូរហែ​ដែរ ប៉ុន្តែ​មិន​មាន​តួ​លេខ​ជាក់លាក់​នោះ​ទេ។

ចុះ​មិត្ត យុវវ័យ​គិត​ថា អ្នក​ប្រើ iPhone ជា​មនុស្ស​បែប​ណា​ដែរ?

បន្ត​អាន​អត្ថបទ៖ “ថ្លៃ​ដើម​ផលិត iPhone 5S “

បន្ត​អានអត្ថបទ៖ “មើល​ទីផ្សារ​ហាង​ឆេង​ទូរសព្ទ​ថ្មីៗ

អត្ថបទ៖ ប៊ុណ្ណារ៉ា