Breaking News
Loading...
Monday, September 23, 2013

ពូឃ្លាំង ការងារ​សប្បុសធម៌​ធ្វើ​ឲ្យ​លោក​​ទទួលឋានៈ​​ជា​ទូតសុឆន្ទៈ


តារាចំរៀង​ ហ៊ីប​ហប បែបខ្មែរ ពូឃ្លាំង បានទទួល​ឋានៈជាទូតសុឆន្ទៈ សម្រាប់​អង្គការ ស្នាម​ញញឹម​នៃ​កុមារ និងត្រូវ​រក​ប្រាក់ ៣០ម៉ឺន​ដុល្លារ​សម្រាប់​កុមារ​ក្រី​ក្រ​នៅ​កម្ពុជា។

លោក​ក៏បាន​សម្រេច​បំណង​ដ៏​ធំ​មួយ ដែល​ចង់​ក្លាយជា​មនុស្ស​សំខាន់​ម្នាក់ ហើយក៏​ទទួល ឋានៈ​ទូត​សុ​ឆន្ទៈ កាលពី​ព្រឹក​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៣ នៅ​មណ្ឌល​របស់​អង្គការ PSE ក្នុងភូមិ​ព្រែក​ទប់​អតីត​កន្លែង ចាក់សំរាម​ស្ទឹងមានជ័យ​។

តាម​ការ​ដកស្រង់​ពី ស៊ីអីអិន បាន​ឲ្យដឹងថា​ អ្នកសិល្បៈ ដែល​ស្រលាញ់​ការងារ​មនុស្សធម៌ ពូ​ឃ្លាំង បាន​រៀបរាប់​ពី​មូល​ហេតុដែល អង្គការ PSE រើសយក​រូបលោក​ថា “​សម្រាប់​ខ្ញុំ​មុននឹង​គេ​ជ្រើស​រើសយក ប្រហែលជា​គេ ឃើញ​ចំណុច​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​នោះ ។ ចំពោះ​តួនាទី​ខ្ញុំ ត្រូវ​ចេះ​ស្រឡាញ់​ពួកគេ​ឲ្យ​បាន​ច្រើន នឹង​ឲ្យ​ពួកគេ​ក្លាយជា​មនុស្ស​ល្អ ។ និយាយ​ឲ្យ​ស្រួល​ស្តាប់ ដូច​ខ្ញុំ​មានកូន ហើយ​ក្នុងការ​ចិញ្ចឹម​កូន​ម្នាក់​តើ​វា​ពិបាក​ប៉ុន្មាន ទម្រាំ​តែ​កើតមក​ពេញ​រូបរាង មានការ​ហូបចុក​គ្រប់គ្រាន់ មាន​ការចេះ​យល់ដឹង​ដែល​កុមារ​ទូទៅ​ត្រូវតែ​ដឹង យើង​ឃើញ មានការ​ខុសគ្នា​រវាង​កុមារ​នៅទីនេះ​ច្រើនៗ​ទាល់តែ​មែនទែន​” ។​

គេហទំព័រ​ដដែល​បាន​បន្តថា ជាមួយនឹង ​ភាពសប្បាយ​រីករាយ​ដែល​ផ្តល់​ទៅ​កុមារ​ក្រីក្រ​ទាំងនោះ​លោក​បន្តថា “​ខ្ញុំ​ចាប់អារម្មណ៍​មួយ​ថា កុមារ​អ្នកក្រ​អី​មើ​លវា​លាប​សក់​ពណ៌​ក្រហម ប៉ុន្តែ​បើ​គិត​ឲ្យ​មែនទែនទៅ​កុមារ​នោះ គ្នា​ខ្វះ​ជីវជាតិ​ដែល​ញ៉ាំ​មិន​គ្រប់​ទើប​សក់​គ្នា​ឡើង​ក្រហម ។ ចំណុច​ទាំងនេះ​ខ្ញុំ គិតថា ខ្ញុំ​នឹង​អាចជួយ​ដល់​ការងារ​សម្រាប់​កុមារ​ជាមួយនឹង​PSE​បាន ជាពិសេស​អាច​នាំ​ឲ្យ មនុស្ស​យល់ថា ការងារ​នេះ​ជា​អ្វី ហើយ​អ្នកមាន​ចិត្តធម៌​មួយចំនួន​មិនបាន​ជួយ​”​។​

​ពូ​ឃ្លាំង បាន​បន្ថែមថា ចំពោះ​កម្រៃ គឺ​មិនបាន​យក​ពី​អង្គការ​នេះ​ទេ ហើយ​គម្រោង​វគ្គ នេះ​ដែល​ត្រូវធ្វើ​មាន​ចំនួន​៣០​ម៉ឺន​ដុល្លារ ។ ត្រូវ​រកលុយ​ឲ្យ​បាន​សម្រាប់​បំពេញតម្រូវការ និង​តួនាទី​ដែល​អង្គការ​នេះ​ផ្តល់​ឲ្យ ហើយ​យើង​ត្រូវ​សន្សំៗ​រហូត​ទាល់តែ​គ្រប់​ចំនួន ពី​ការ ងារ​ជាច្រើន​ដែលជា​គោលការណ៍​របស់​អង្គការ​PSE ។ គោលការណ៍​ត្រូវ​នាំ​ក្រុម​សិល្បៈ របស់លោក ដែល​ធ្វើយ៉ាងណា​ឲ្យ​គេ​យល់​ដើម្បី​ចូលរួម​សម្តែង​អត់​គិត​កម្រៃ ដើម្បី​ឲ្យ គ្រប់​តាម​ការគ្រោងទុក ហើយ​ការងារ​នេះ​មិនបាន​កំណត់​ពេលវេលា​នោះទេ ។ នៅ​ដើមឆ្នាំ ២០១៤ នឹង​ចាប់ផ្តើម ប្រគុំ​តន្ត្រី​តាម​ខេត្ត​-​ក្រុង និង​នៅ​ខែវិច្ឆិកា គឺមាន​ខន​សឺត​នៅ​សៀមរាប ដែល​មានការ​ភ្លក់​ម្ហូប បែប​ខ្មែរ ដូច​បានធ្វើ​នាពេល​កន្លងមក​នៅ​ស្តា​ត​អូរ​ឡាំ​ពិ​ក​អីចឹង​ដែរ ។​

​ ជា​ចុងក្រោយ​ឌី​ជេ​ឃ្លាំង ដែល​សម្បូរ​ទេពកោសល្យ​បាន​ផ្ញើរ​សារ​ទៅកាន់​អ្នកសិល្បៈ ទូទាំង​កម្ពុជា​ថា យើង​ជា​អ្នកសិល្បៈ ជា​អ្នក​ឈានមុខ គិត​មុន សូម​ធ្វើ​អ្វីដែល​ចំណេញ សម្រាប់​ខ្លួនឯង បើ​មិនបាន​ចំណេញ​ដល់​ខ្លួនឯង ក៏​គួរតែ​អាណិត​ដល់​អ្នកសិល្បៈ​ដទៃ កុំ​ឲ្យ​ត្រី​មួយ​ត្រក​ស្អុយ​មួយ គឺ​ស្អុយ​ទាំង អស់​នោះទេ ។ បើ​អាច​គួរតែ​យក​ពេលវេលា​ផ្តល់ លុយ​ដល់​ក្មេងៗ​សុំទាន​តូចៗ​ចាប់ពី​ថ្ងៃនេះ​តទៅ ដែល​មកសុំ​យើង ដោយ​ពីមុន​គិតថា ម៉ែ​ឱ ពួកគេ​គឺជា​អ្នករៀបចំ​ឲ្យ​ដើរ​សុំទាន ធ្វើ​មុខ​កម្សត់​ដើម្បី​បាន​លុយ ។ ប៉ុន្តែ​យើង​គិត​ឡើងវិញ បើ​យើង​ឲ្យ​លុយ​ទៅ​ក្មេង​នោះ ទោះយ៉ាងណា​ក៏​ក្មេង​នោះបាន​លុយ​យកទៅ​ទិញ​អី​ហូប ឆ្ងាញ់​ដែរ តែបើ​អត់​បាន​លុយ​ម៉ែ​ឱ​វា​អាច​នឹង​វាយដំ​ក៏មានដែរ ។ អីចឹង​យើង​គួរតែ​រៀន​ឲ្យ លុយ​ទៅ ព្រោះ​គ្មាន​អ្នកណា​ចង់​ក្លាយជា​អ្នកសុំទាន​មួយជីវិត​នោះទេ ។​

​ ចំពោះ​លោក​ពិន សារ​ពេជ្រ ជា​ប្រធាន​អង្គការ​PSE​បាន​អះអាងថា ការដែល​យើង រើសយក​ពូ​ឃ្លាំង ហើយ​សិល្បៈ​ដទៃទៀត​មិន​យក គឺ​មិនមែន​យើង​ជ្រើសរើស​នោះទេ លោក​ចង់បាន​អ្នកផ្សេង​ទៀត​ឲ្យ​មក​ចូលរួម​ដូចគ្នា​ដែរ ។ បើសិន​ជាមាន​អ្នក​ផ្សេងទៀត ចង់​ចូលរួម​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការអប់រំ​របស់​យើង​មានការ​កើនឡើង គឺ​យើង​ក៏​ទទួល ពួកគាត់​យ៉ាង​រាក់ទាក់​ដូច្នេះ​ដែរ ។ មកទល់ពេលនេះ​ពូ​ឃ្លាំង​ជា​ទូត​ទីមួយ​របស់​យើង ដែល​គាត់​ធ្វើការ​ជាមួយ​PSE យូរ​មកហើយ ត​ទៅមុខទៀត​អាចមាន​តារា​ផ្សេងទៀត​ចង់​មក ចូលរួម គឺ​យើង​ទទួល​ទាំងអស់ ។​

​សូមបញ្ជាក់ថា ពូ​ឃ្លាំង ដែលជា​ឌី​ជេ និង​ជា​សិល្បករ​ដ៏​ល្បី​នៅ​កម្ពុជា បានធ្វើការ​ចុះហត្ថលេខា​ជាមួយ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ដើម្បី​ធ្វើជា​អគ្គរាជទូត​សុ​ឆន្ទៈ​នៃ​អង្គការ និង​ធ្វើការ​ផ្សព្វផ្សាយ​អំពី “​ការអប់រំ​សម្រាប់​មនុស្ស​ទូទៅ​” នៅក្នុង​ប្រទេស​កម្ពុជា​៕

--------------

អត្ថបទយោង៖ គេហទំព័រ ស៊ីអីអិន (CEN)

3036po_khlang.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved