Breaking News
Loading...
Saturday, September 28, 2013

​ថ្នាំ​ដែល​អាច​ធ្វើអោយ​ឡើង​ទម្ងន់​


​ការ​សម្រក​ទម្ងន់ ឬ​ការថែរក្សា​ទម្ងន់​អោយ​នៅ​មាន​សុខភាព ល្អ​អាច​ក្លាយទៅជា​សមរ​ភូម​មួយ​សម្រាប់​អ្នកជំងឺ​ជាច្រើន​នាក់​។  ថ្នាំ​មួយចំនួន​ដែល​គេ​តែង​ជួបប្រទះ​ជា​ញឹកញាប់ និង​អាច​នាំអោយ​ឡើង​ទម្ងន់​បាន​នោះ​ច្រើនតែ​ជា​ថ្នាំ​ចេញ​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​សម្រាប់​ព្យាបាល​បញ្ហា​ផ្លូវចិត្ត​, ជំងឺ​ទឹកនោម​ផ្អែម​, បញ្ចុះ​សម្ពាធ​ឈាម និង​ប្រកាច់​ជាដើម​។ ខណៈពេល​ដែល​ថ្នាំ​មួយចំនួន​ទំនង​ជា​ធ្វើ​អោយ​ឡើង​ទម្ងន់​ខុសពី​ធម្មតា​នោះ ក៏​មិនមែន​មានន័យថា​អ្នកជំងឺ​ទាំងអស់​ដែល​ឡើង​ទម្ងន់​នោះ​កើតឡើង​ដោយសារតែ​ថ្នាំ​ផល​រំខាន​របស់​ថ្នាំ​ទាំងអស់​ដែរ​។​

​ខាងក្រោម​នេះ​គឺជា​ថ្នាំ​ដែល​គេ​គិត​ថា​អាច​ធ្វើអោយ​ឡើង​ទម្ងន់​បាន​៖

​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​

​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​ដ៏​ចាស់​ជាងគេ និង​មាន​ឈ្មោះ​ថា Tricyclic Antidepressants (TCAs) គឺ​ជា​មេ​នាំ​រឿង​ក្នុង​ការបង្កើន​ចំណង់​អាហារ និង​ឡើង​ទម្ងន់​។ ឧទាហរណ៍​ដូចជា Amitriptyline (Elavil) និង Nortriptyline (Pamelor)​។ TCAs មាន​ឥទ្ធិពល​ទៅលើ​សារធាតុ​ចម្លង​សរសៃប្រសាទ​ក្នុង​ខួរក្បាល និង​ធ្វើអោយ​មាន​សកម្មភាព Antihistamin ដែល​ជា​ហេតុ​ញ៉ាំ​កាន់តែច្រើន​។​

 

​ថ្នាំ​ប្រឆាំងនឹង​អាឡែ​ហ្ស៊ី​

​ថ្នាំ​ប្រឆាំងនឹង​អាឡែ​ហ្ស៊ី​ដូចជា Cetirizine (Zyrtec) និង Fexofenadine (Allegra), Selectively Antagonize Histamine H1 Receptors​។ ថ្នាំ​ទាំងអស់នេះ​អាច​ទិញ​បាន​ដោយ​មិន​បាច់​មាន​វេជ្ជ​បញ្ចា​ទេ ប៉ុន្តែ​សុទ្ធតែ​ធ្វើ​អោយ​ឡើង​ទម្ងន់​បាន​ទាំងអស់ ព្រោះ​វា​អាច​បង្កើន​ចំណង់​អាហារ​បាន​។​

 

​ថ្នាំ​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​


​ថ្នាំ​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​មួយ​ចំនួន​ច្រើន​តែ​មាន​ទំនង​ទំនង​នឹង​ការឡើង​ទម្ងន់​ជា​ញឹកញាប់​។ ឧទាហរណ៍​ដូចជា​ថ្នាំ​ស្ថិតក្នុង​ក្រុម Atypical Antipsychotics Olanzapine (Zyprexa) និង Risperidone (Risperdal)​។ ថ្នាំ Clozapine (Clzaril) ដែល​ជា​ជំនាន់​ចាស់​មួយ​របស់​ក្រុម Atypical  Antipsychotic ក៏​មាន​ទំនាក់ទំនង​យ៉ាង​សំខាន់​ក្នុង​ការធ្វើអោយ​ឡើង​ទម្ងន់​ដែរ​។ ថ្នាំ​ទាំងអស់នេះ​ប្រហែលជា​មាន​សកម្មភាព Antihistamin និង​ទប់ស្កាត់​សារធាតុ Serotonin ដែល​ជា​ហេតុ​នាំអោយមាន​យន្តការ​ឡើង​ទម្ងន់​បាន​។ ការស្រាវជ្រាវ​បាន​បង្ហាញ​អោយដឹងថា អង់ស៊ីម​មួយ​ប្រភេទ​ដែល​មានឈ្មោះ​ថា AMP-kinase ត្រូវ​បាន​កើនឡើង​ក្នុង​ខួរក្បាល​ពេល​អ្នកជំងឺ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​។ AMP-Kinas អាច​ទប់ស្កាត់​កន្លែង​ទទួល Histamine-1 របស់​ខួរក្បាល ដែល​ជាហេតុ​នាំ​អោយ​ចំណង់​អាហារ​កើនឡើង និង​ឡើង​ទម្ងន់​។​

 

​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ប្រភេទ Beta Blocker


​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ប្រភេទ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ធ្វើ​អោយ​ឡើង​ទម្ងន់​។ ថ្នាំ​នេះ​មានដូចជា Metoprolol (Lopressor) និង Atenolol (Tenormin)​។ ពពួក​ជំនាញ​ថ្នាំ Beta Blockers ចាស់ៗ​ជាច្រើន​អាច​ធ្វើអោយ​អស់កម្លាំង ដែល​ជាហេតុ​ធ្វើអោយ​អ្នកជំងឺ​ឃ្លាន​ខ្លាំង និង​ឡើង​ទម្ងន់​។​

 

​ថ្នាំ Corticosteroid


​ថ្នាំ​គ្រាប់ Corticosteroid (Glucocorticoids) ប្រហែល​ជា​ធ្វើអោយ​ប្រឈម​នឹង​ការ​ធាត់​ពេល​ប្រើ​ក្នុង​កម្រិត​ខ្ពស់ និង​រយៈពេល​យូរ​។ ថ្នាំ​គ្រាប់ Corticosteroid ច្រើន​តែ​ត្រូវបាន​គ្រូពេទ្យ​ប្រើ​លើស​ជំងឺហឺត​ធ្ងន់ធ្ងរ ឬ​ជំងឺ​ដែល​មាន​ការឈឺចាប់​ខ្លាំង​ដូច​ជា​ការ​រលាក​សន្លាក់​ជាដើម​។ ជាតិ Steroid អាច​មាន​ឥទ្ធិពល​ទៅលើ​អត្រា​នៃ​ការរំលាយ​អាហារ និង​នាំ​អោយ​ចំណង់​អាហារ​កើនឡើង និង​ញ៉ាំ​ច្រើន​។ ថ្នាំ Corticosteroids មានដូចជា Prednisone, Methylprednisolone និង Hydrocortisone​។​

 

​ថ្នាំ​ជំងឺ​ទឹកនោម​ផ្អែម​

​ថ្នាំ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ដូចជា Glyburide (Diabeta) និង Glipizide (Glucotrol) ដែល​ជា​ថ្នាំ​ស្ថិតក្នុង​ក្រុម Sulfonylurea សុទ្ធ​តែ​អាច​ធ្វើអោយ​ឡើង​ទម្ងន់​បាន​ទាំងអស់​។ ថ្នាំ​ទាំងអស់នេះ​អាច​បង្កើន​ការផលិត​អាំង​ស៊ុយ​លីន ដែល​អាច​បញ្ចុះ​ជាតិ​ស្ករ និង​បង្កើន​ការ​ញ៉ាំ​អាហារ​បាន​។ ការចាក់​អាំង​ស៊ុយ​លីន​ក៏​អាច​ធ្វើអោយ​ឡើង​ទម្ងន់​បានដែរ ដោយសារ​តែ​ជាតិ​ស្ករ​ក្នុង​ឈាម​ថយចុះ ទើប​ភ្ញោ​ច​អោយ​ញ៉ាំ​អាហារ​។ ថ្នាំ Pioglitazone (Actos) និង Rosiglitazone (Avandia) ដែល​ស្ថិត​ក្នុង​ក្រុម Thiazolidediones ក៏​អាច​ធ្វើអោយ​ឡើង​ទម្ងន់ និង​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន​បានដែរ​។ ថ្នាំ Metformin (Glucophage), Exenatide (Byetta) និង Sitagliptin (Januvia) ទំនង​ជា​ជួយ​អោយ​ទម្ងន់​នៅ​ថេរ ឬ​ជួយ​សម្រក​ទម្ងន់​បាន​ទៀត​។​

 

 

​ថ្នាំ​ប្រកាច់​

​ថ្នាំ Valproic Acid (Depakote, Depakene) ត្រូវបាន​គ្រូពេទ្យ​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​ឆ្គួតជ្រូក (​ប្រកាច់​), ជំងឺ​ម្តង​សប្បាយ​ម្តង​កើតទុក្ខ និង​បង្ការ​ការឈឺ​ក្បាល​បែប​ប្រកាំង​។ Valproic Acid ត្រូវបាន​គេ​យល់​ថា​ធ្វើ​អោយ​ចំណង់​អាហារ​កើនឡើង និង​អាច​អោយ​ឡើង​ទម្ងន់​ចាប់ពី ៤,៥​គីឡូក្រាម​ឡើងទៅ​។ ថ្នាំ Lithium (Lithobid) ជា​ថ្នាំ​ធ្វើអោយ​អារម្មណ៍​ស្ងប់ស្ងាត់ ប៉ុន្តែ​ឥទ្ធិពល​របស់​វា​ក៏​បណ្តាលអោយ​ឡើង​ទម្ងន់​ដែរ​៕

 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved