Breaking News
Loading...
Monday, November 25, 2013

ជីជី បកស្រាយ​រូប​ឱបថើប​ប្រុសក្មេង


ប្រភព Postkhmer 

ភ្នំពេញ : ភាព​ភ្ញាក់ផ្អើល​បាន​ផ្ទុះ​ឡើង​ពេញបណ្តាញ​សង្គម​ហ្វេសប៊ុក​ ខណៈ​ពិធីការិនី​វ័យក្មេង​រូប​ស្រស់​នាង ពេជ្រ សូលីដា ហៅ​ ជីជី បាន​បង្ហោះ​រូបថត​ឱបថើប​ស្និទ្ធស្នាល​ជាមួយ​ប្រុស​ក្មេង​ប្លែក​មុខ​ចំនួន​បី ​សន្លឹក​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​នាង បែប​ជា​លក្ខណៈ​គូសង្សារ​យល់​ចិត្ត​ថ្លើម​គ្នា ហាក់​ដូចជា​ផ្គើន​នឹង​បុរស​អាថ៌កំបាំង​ណា​ម្នាក់។

ប៉ុន្តែ​ ជីជី បាន​បញ្ជាក់​ថា៖ «ប្រុសក្មេង​ដែល​មាន​ឱកាស​ថើប​នាង​ មិនមែន​ជា​សង្សារ​ហើយ​ក៏​មិន​ដើម្បី​ផ្គើន​បញ្ឈឺ​អ្នក​ណា​ទាំងអស់​»។

មុន​ពេល​ដែល​នាង​បង្ហោះ​រូបភាព​ស្និទ្ធស្នាល​ជាមួយ​ប្រុសក្មេង​នេះ ​ក៏​មាន​ព័ត៌មាន​លេចឮ​ថា​ស្រីស្រស់​ ជីជី ​ត្រូវ​បាន​បុរស​ម្ចាស់​ស្នេហ៍​ងារ​ជា​ឧកញ៉ា​ព្រមាន​ខ្លាំងៗ​ពាក់ព័ន្ធ​ នឹង​ទង្វើ​ដើរលេង​ផឹកស៊ី​ចូល​ក្លិប​យប់​ជ្រៅ ហើយ​រូបថត​ឱបថើប​កៀកកើយ​ជាមួយ​ប្រុសក្មេង​ក្រោយ​ផ្ទុះ​ព័ត៌មាន​ ឧកញ៉ា​ហួងហែង​នោះ ក៏​ត្រូវ​បាន​គេ​គិត​ថា នោះ​ជា​កាយវិការ​ចេតនា​ដែល​នាង​ចង់​បញ្ឈឺ​ឧកញ៉ា​នោះ​វិញ​ក៏​ថា​បាន​។

ពន្យល់ ​ពី​រូបថត​កៀកកើយ​ជាមួយ​ប្រុសក្មេង​បី​សន្លឹក​ក្នុង​ហ្វេសប៊ុក​នោះ ​កញ្ញា ជីជី ក្រៅពី​ទទួល​ស្គាល់​ថា​រូបថត​នោះ​នាង​ជា​អ្នក​បង្ហោះ​ដោយ​ផ្ទាល់​ដៃ នាង​ក៏​បាន​ប្រាប់​ថា៖ «រូបភាព​នេះ ជា​រូបភាព​ពិតៗ​មួយរយ​ភាគរយ​ មិនមែន​ជា​ការ​កាត់​ត​របស់​អ្នក​ណា​ទេ»។

ប៉ុន្តែ​នាង​បាន​បដិសេធ​ថា៖ «រូបភាព​ និង​កាយវិការ​ដែល​ខ្ញុំ​បង្ហោះ​ក្នុង​ហ្វេសប៊ុក​ខ្ញុំ​ ដែល​មាន​ប្រុសក្មេង​ឱបថើប​កៀកក​នោះ មិនមែន​ដើម្បី​បញ្ឈឺ​នរណា​ម្នាក់​ ហើយ​ក៏​មិនមែន​ក្នុង​ន័យ​ស្នេហា​ដែរ ហើយ​ក៏​រឹត​តែ​មិន​ដូច​គេ​ថា​នោះ​ជា​ម្ចាស់​ស្នេហ៍​ខ្ញុំ​នោះ​ដែរ​»។

ជីជី​ បាន​បកស្រាយ​ពី​អត្តសញ្ញាណ​បុរស​នោះ​ថា៖ «គឺជា​ប្អូនប្រុស​របស់​ខ្ញុំ​បង្កើត គេ​ឈ្មោះ ហេង​ សុចិត្រា ជា​ប្អូនពៅ​របស់​ខ្ញុំ​ រូបភាព​ដែល​ខ្ញុំ​បង្ហោះ​នោះ​គឺ​នៅ​ថ្ងៃ​ដែល​ធ្វើ​ខួបកំណើត​គេ​»។

ទំនង​ជា ​ខ្លាច​មហាជន​មិន​អស់​ចិត្ត​ និង​មិន​ជឿ​លើក​ហេតុផល​ដែល​ខ្លួន​បញ្ជាក់​ខាង​លើ​នេះ​ កញ្ញា ជីជី បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​មាន​បងប្អូន​៥​នាក់ ស្រី​៤ គឺ​មាន​តែ សុចិត្រា មួយ​ទេ​ប្រុស​។ កាលពី​ដើម​ខ្ញុំ​ក៏​ប្រើ​ត្រកូល (ហេង) ដែរ ដោយ​ឈ្មោះ​នេះ​វា​វែង​ពេក ក្រោយ​ចូល​សិល្បៈ​ខ្ញុំ​ក៏​លុប​ពាក្យ (ហេង) នៅ​ត្រឹម​ ពេជ្រ សូលីដា លុះ​សព្វ​ថ្ងៃ​»។

ប្រតិកម្ម​នឹង​ពាក្យ​ដែល​គេ​ថា​នាង​មាន​ ឧកញ៉ា​លើក​ស្ទួយ​ជីវភាព​នោះ​ កញ្ញា ជីជី​ ក៏​បាន​អះអាង​ថា៖ «រហូត​ពេល​នេះ​ខ្ញុំ​នៅ​មិន​មាន​ម្ចាស់​ស្នេហ៍​ ម្ចាស់​ចិត្ត​ ហើយ​ក៏​គ្មាន​នរណា​ឧបត្ថម្ភ​ទិញ​ឡាន ​និង​ភាព​ហ៊ឺហា​ដែរ។ ខ្ញុំ​មាន​លុយ​ទិញ​ឡាន​ ដូរ​ឡាន​បាន​ពី​ការងារ​ដែល​ខ្ញុំ​ខំប្រឹង​ពី​ការងារ​សិល្បៈ​របស់​ខ្ញុំ ដែល​ខ្ញុំ​ក៏​មិនមែន​សន្សំ​មួយ​ថ្ងៃ​ ឬ​មួយ​ខែ​នោះ​ដែរ ខ្ញុំ​ប្រឹង​សន្សំ​ច្រើន​ឆ្នាំ ទើប​បាន​លុយ​ទិញ​របស់​ទាំងនោះ​»។

នាង​ បញ្ជាក់​ខ្លី​ថា៖ «កុំ​ឃើញ​គេ​មាន​លុយ​ទិញ​ឡាន​ មាន​ផ្ទះ​នៅ​ចាំ​តែ​ថា​គេ​មាន​អ្នក​ចិញ្ចឹម​អី កុំ​គិត​តែ​ពី​ផ្លូវ​នោះ​អី គិត​ផ្លូវ​ល្អ​ខ្លះ​ទៅ​»៕

131125_20a

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved