Breaking News
Loading...
Friday, November 8, 2013

ស្រវឹងស្រា ធ្លាក់ភ្នែកជិះម៉ូតូ ទៅគៀរម៉ូតូ មួយគ្រឿងរងរបួស ទាំងសងខាង


ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ដែលគេស្គាល់ថា ជាមេចុងភៅ ម្នាក់បានផឹកស្រាឡើងស្រវឹងជោគជាំ រួចក៏ជិះម៉ូតូរ៉េពេញផ្លូវ ហើយក៏ជ្រុលទៅគៀរដៃចង្កូត ម៉ូតូមួយគ្រឿងទៀត ដែលជិះស្របទិស គ្នា បណ្តាលឲ្យដួល រងរបួសធ្ងន់ទាំងសងខាង។ ក្រោយពេលកើតហេតុភាគីទាំងសង្ខាងសុំសម្រួលគ្នា ដោយព្យាបាល និងជួសជុលម៉ូតូ រៀងៗខ្លួន គ្រោះថ្នាក់ចរាចរនេះកើតឡើងកាល ពីវេលាម៉ោង៩យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុន វិបុត្រ ភេទប្រុសអាយុ២៨ឆ្នាំ មានមុខ របរបើកបររថយន្ត ស្នាក់នៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិព្រៃសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ1BM-2335 រងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ។ ចណែកជនបង្ក ត្រូវបានគេស្គាល់ ថាឈ្មោះ ជិន សុខ ភេទប្រុសអាយុ៦៥ឆ្នាំ មានមុខរបរជាមេចុងភៅ រស់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ សេរីឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ 1D-2147 រងការខូចខាតផ្នែកខាងមុខដូចគ្នា ។

សាក្សីដដែលបានបន្តថា មុនពេលកើតហេតុគេឃើញម៉ូតូវីវ៉ា ជិះម្នាក់ឯងទិសដៅពីកើតទៅលិច ក្នុង ស្ថានភាព រ៉េចុះ រ៉េឡើងពេញផ្លូវ លុះមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលចង្កូត ទៅប៉ះដៃចង្កូត ជាមួយម៉ូតូសេ១២៥ បណ្តាលឲ្យដួលទាំងពីរបោកទៅនឹងថ្នល់ ភ្លាមៗនោះអ្នកជិះម៉ូតូវីវ៉ាសន្លប់ស្តូកស្តឹង នៅកន្លែងមួយសន្ទុះ ទើបដឹងខ្លួនវិញ រីឯអ្នកបើកបរម៉ូតូសេ១២៥ គ្រាន់តែរងរបួសពុំសន្លប់នោះទេ ។

ក្រោយ ពេលកើតហេតុនគរបាលចុះទៅដល់កន្លែងកើតហេតុ ហើយភាគីទាំងសងខាង សុំសម្រួលគ្នា ដោយព្រមទៅព្យាបាលនិង យកម៉ូតូទៅជួសជុលរៀងៗខ្លួន។

នគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងដែរថា ករណីគ្រោះថ្នាក់ចរាចរបានកើតឡើងជារៀងរាល់ថ្ងៃនោះ គឺភាគច្រើនកើតឡើងដោយសារតែពិសារ គ្រឿងស្រវឹងបាត់បង់ស្មារតី បញ្ជាចង្កូតម៉ូតូឬរថយន្តលែងបាន ហើយក៏ជ្រុលទៅបុកនេះ បុកនោះធ្វើឲ្យរងគ្រោះដល់អាយុជីវិតអ្នកដទៃនិងខ្លួនឯងផងដែរ ។ ដូច្នេះហើយ ក្នុងនាមលោកជានគរបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងឡាយប្រសិនបើផឹកស្រវឹង ខ្លាំងហើយ គួរតែរកកន្លែង សមគួរសម្រាកឲ្យស្វាងសិនទើបទៅទៀត ចៀសវាងបង្កគ្រោះថ្នាក់ មិនត្រឹមតែខ្លួនឯងនោះទេ អ្នកដទៃ ដែលឥតដឹងអីសោះ មករងគ្រោះជាមួយ យើងដែរ ៕







0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved